ទេព កុលាប ប្តឹង កុក អាន ទារ​ជំងឺ​ចិត្ត $៣៥ លាន

ភ្នំពេញៈ លោក​ស្រី ទេព កុលាប សាកល​វិទ្យាធិការ​នៃ​សាកល​វិទ្យាល័យ ភ្នំពេញ អន្តរជាតិ ដែល​ជា​ភរិយា​របស់​លោក ហេង ឈាង អតីត​អគ្គ​នាយក​រង ក្រុមហ៊ុន អាន កូ បាន​ដាក់​ពាក្យ​ប្តឹង​បក​ទៅ​លោក ឧកញ៉ា កុក អាន អាយុ ៥៩ ឆ្នាំ សមាជិក​ព្រឹទ្ធសភា គណបក្ស​ប្រជាជន​ដែល​ជា​អគ្គ​នាយក​ក្រុមហ៊ុន អាន កូ ពី​បទ «បរិហារ​បង្កាច់​កេរ្តិ៍» ដោយ​ទាមទារ​ជំងឺ​ចិត្ត​ចំនួន ៣៥ លាន​ដុល្លារ​។
លោក ច័ន្ទ បូរ៉ា សាច់​ញាតិ​ជិត​ស្និទ្ធ​ម្នាក់ របស់​គ្រួសារ​លោក ស្រី ទេព កុលាប បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ថា លោក​ស្រី ទេព កុលាប កាល​ពី​ថ្ងៃ​អង្គារ បាន​ដាក់​ពាក្យ​បណ្តឹង ប្តឹង​លោក ឧកញ៉ា កុក អាន ទៅ​កាន់​សាលា​ដំបូង​រាជធានី​ភ្នំពេញ។
លោក​បាន​ថ្លែង​ថា៖«លោក​ស្រី ទេព កុលាប បាន​ប្តឹង​លោក ឧកញ៉ា កុក អាន ពី​បទ «បរិហារ​បង្កាច់​កេរ្តិ៍» តាម​មាត្រា ៣១១ និង មាត្រា ៣១២ នៃ​ក្រម​ព្រហ្មទណ្ឌ ដោយ​ទាមទារ​ជំងឺ​ចិត្ត សរុប ចំនួន ៣៥ លាន​ដុល្លារ និង​សុំ​ឲ្យ​តុលាការ​ផ្តន្ទាទោស​លោក​ឧកញ៉ា កុក អាន តាម​ច្បាប់»។ លោក​បញ្ជាក់​ថា ពាក្យ​បណ្តឹង​ខាង​លើ​នេះ មាន​ភ័ស្តុតាង​គ្រប់​គ្រាន់ គឺ​រួម​មាន​សាលដីកា របស់​តុលាការ​កំពូល ដែល​បាន​សម្រេច​ទម្លាក់​ការ​ចោទ​ប្រកាន់ និង​ដោះលែង​លោក​ស្រី កុលាប ពី​ពន្ធនាគារ និង​លិខិត​ធ្វើ​សារណា​ឆ្លើយ​តប ជូន​តុលាការ​កំពូល របស់​លោក កុក អាន ចុះ​ថ្ងៃ​ទី ១២ កក្កដា ២០១២។ល។ លោក​ស្រី កុលាប ធ្លាប់​បាន​ជាប់​ពន្ធនាគារ​អស់​រយៈ​ពេល ជាង ១៥ ខែ ដោយ​សារ​ការ​ប្តឹង​របស់​លោក កុក អាន។
លោក ច័ន្ទ បូរ៉ា បាន​អះអាង​ថា យោង​តាម​មាត្រា ៣១១ និង មាត្រា ៣១២ នៃ​ក្រម​ព្រហ្មទណ្ឌ ជន​ណា ដែល​ប្តឹង​ចោទ​ប្រកាន់​គេ ទាំង​បំពាន និង​ចាប់​គេ​ដាក់​គុក ហើយ​តុលាការ មិន​បាន​រក​ឃើញ​ពិរុទ្ធភាព ជន​ដែល​រង​ការ​ចោទ​ប្រកាន់ មាន​សិទ្ធិ ប្តឹង​បក ប្រឆាំង​នឹង​ជន​នោះ​វិញ​។ លោក​គូស​បញ្ជាក់​ថា៖ «យោង​តាម​ភ័ស្តុតាង​គ្រប់​គ្រាន់ និង​ដ៏​រឹងមាំ​ខាង​លើ​នេះ ខ្ញុំ​សង្ឃឹម​ថា តុលាការ​នឹង​ចាត់​ការ លើ​បណ្តឹង​របស់​លោក​ស្រី ទេព កុលាប និង​រក​យុត្តិធម៌​ជូន​គាត់ តាម​ផ្លូវ​ច្បាប់ ជា​មិន​ខាន»។ លោក​បន្ថែម​ថា ចាប់​តាំង​ពី​លោក​ស្រី កុលាប ត្រូវ​បាន​ជាប់​ពន្ធនាគារ​អស់​រយៈ​ជាង ១៥ ខែ មក លោក​ស្រី​ត្រូវ​បាន​ខាត​បង់​ប្រាក់​កាស និង​ទ្រព្យ​សម្បតិ្ត​អស់​ប្រមាណ​ជាង ១៥ លាន​ដុល្លារ មិន​ត្រឹម​តែ​ប៉ុណ្ណោះ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ ដល់​កិត្តិយស និង​សេចក្តី​ថ្លៃ​ថ្នូរ​ព្រម​ទាំង​ធ្វើ​ឲ្យ​មាន​បញ្ហា​សុខភាព​ទាំង​ផ្លូវ កាយ​និង​ផ្លូវ​ចិត្ត​ទៀត​ផង។
លោក កុក អាន មិន​អាច​ទាក់​ទង សុំ​ការ​បំភ្លឺ​បាន​ទេ កាល​ពី​ម្សិលមិញ ហើយ​លោក ឡុង ដារ៉ា មេធាវី លោក កុក អាន បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ឡើយ ដោយ​មាន​ប្រសាសន៍​ថា លោក​មិន​ទាន់​បាន​ដឹង​រឿង​នេះ​ទេ «តែ​ខ្ញុំ​យល់​ថា ករណី​នេះ យើង​អាច​សម្រុះ​សម្រួល​គ្នា​បាន»៕
130919_04
លោក​ស្រី​​ ទេព កុលាប​និង​ស្វា​មី នៅ​តុលា​ការ​កំពូល​ កាល​ពី​ចុង​ឆ្នាំ ២០១២​​។ រូបថត ហេង ជីវ័ន

ប្រភព៖ ភ្នំពេញប៉ុស្ត៍

Related

ពត៌មានជាតិ 4370471815878547451

Follow Us

Hot in week

Recent

Comments

Side Ads

Text Widget

Connect Us

item